ជំពូក១
ដើមកំណើតពិភពលោក និងដើមកំណើតមនុស្សលោក
១កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី។
២ឯផែនដីបានខូច ហើយនៅទទេ មានសុទ្ធតែងងឹតនៅគ្របលើជំរៅទឹក ហើយព្រះវិញ្ញាណនៃព្រះក៏រេរានៅពីលើទឹក ៣នោះព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានពន្លឺឡើង ដូច្នេះ ពន្លឺក៏មានឡើង ៤ព្រះទ្រង់ឃើញពន្លឺនោះក៏យល់ថាជាល្អហើយ រួចទ្រង់ញែកពន្លឺពីងងឹតចេញ ៥ទ្រង់ហៅពន្លឺថាជាថ្ងៃ ហើយហៅងងឹតថាជាយប់ នោះក៏មានល្ងាចមានព្រឹកឡើង ជាថ្ងៃទី១។
៦បន្ទាប់មក ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានប្រឡោះនៅកណ្តាលទឹក ដើម្បីញែកទឹកចេញពីគ្នា ៧ទ្រង់ក៏ធ្វើប្រឡោះនោះ ទាំងញែកទឹកដែលនៅក្រោមប្រឡោះចេញពីទឹកដែលនៅលើប្រឡោះ ក៏មានដូច្នោះ ៨រួចព្រះទ្រង់ហៅប្រឡោះនោះថាជាមេឃ នោះក៏មានល្ងាចមានព្រឹកឡើង ជាថ្ងៃទី២។
៩បន្ទាប់មក ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យទឹកនៅក្រោមមេឃប្រមូលគ្នានៅកន្លែងតែ១ ហើយឲ្យមានទីគោកដុះលេចឡើង នោះក៏មានដូច្នោះ ១០ទ្រង់ហៅទីគោកនោះថាជាដី ហើយទីទឹកដែលប្រមូលគ្នានោះថាជាសមុទ្រ នោះទ្រង់ក៏ឃើញថាល្អ ១១រួចព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យដីដុះតិណជាតិឡើង គឺជាពួកស្មៅដែលមានគ្រាប់ និងរុក្ខជាតិមានផ្លែតាមពូជ ដែលមានគ្រាប់ក្នុងផ្លែនោះនៅផែនដី នោះក៏មានដូច្នោះ ១២ដីក៏ដុះតិណជាតិទាំងឡាយឡើង គឺជាពួកស្មៅដែលមានគ្រាប់តាមពូជ និងរុក្ខជាតិមានផ្លែតាមពូជដែរ ហើយមានគ្រាប់នៅក្នុងផ្លែនោះឯង រួចទ្រង់ឃើញថាល្អ ១៣នោះក៏មានល្ងាចមានព្រឹកឡើង ជាថ្ងៃទី៣។
១៤បន្ទាប់មក ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានតួពន្លឺនៅនាផ្ទៃមេឃ ដើម្បីនឹងញែកថ្ងៃចេញពីយប់ សំរាប់ទុកជាទីសំគាល់នៃរដូវ ថ្ងៃ និងឆ្នាំ ១៥ហើយសំរាប់ជាពន្លឺនៅផ្ទៃមេឃ ដើម្បីបំភ្លឺមកផែនដី នោះក៏មានដូច្នោះ១៦ទ្រង់ធ្វើពន្លឺធំជា២តួ ១ដែលធំជាង នោះសំរាប់បំភ្លឺក្នុងពេលថ្ងៃ ហើយ១ដែលតូចជាងសំរាប់បំភ្លឺក្នុងពេលយប់ ក៏ធ្វើឲ្យមានផ្កាយទាំងប៉ុន្មានដែរ។ ១៧ទ្រង់ដាក់តួពន្លឺទាំងនោះនៅផ្ទៃមេឃ សំរាប់នឹងបំភ្លឺមកលើផែនដី ១៨ឲ្យមានអំណាចនៅពេលថ្ងៃ និងពេលយប់ ហើយឲ្យញែកពន្លឺចេញពីងងឹត រួចទ្រង់ឃើញថាជាល្អ ១៩នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៤។
២០បន្ទាប់មក ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានមច្ឆាជាតិរវើកនៅក្នុងទឹកជាបរិបូរ និងបក្សីជាតិហើរលើដីនៅនាអាកាស ២១ទ្រង់ក៏បង្កើតអស់ទាំងសត្វសំបើមៗ និងជីវិតទាំងឡាយដែលកំរើក ដែលកើតមានរវិនរវ័ណ្ឌនៅក្នុងទឹកតាមពូជ ហើយអស់ទាំងសត្វស្លាបតាមពូជដែរ រួចទ្រង់ឃើញថាល្អ ២២ទ្រង់ក៏ប្រទានពរដល់សត្វទាំងឡាយនោះ ហើយមានព្រះបន្ទូលថា ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសនៅក្នុងទឹកសមុទ្រ ហើយឲ្យសត្វស្លាបចំរើនឡើងនៅផែនដីដែរ ២៣នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៥។
២៤បន្ទាប់មក ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានចតុប្បាទជាតិកើតមកនៅដីគោកតាមពូជ គឺជាសត្វស្រុកសត្វលូនវារ និងសត្វព្រៃនៅផែនដីតាមពូជ នោះក៏មានដូច្នោះ ២៥ទ្រង់ក៏ធ្វើសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដីគោកតាមពូជដែរ រួចទ្រង់ឃើញថាល្អ ២៦ទ្រង់ក៏មានព្រះបន្ទូលថា ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយឲ្យមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងសត្វជើង៤ដែលនៅលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារដែលវារនៅលើផែនដីផង ២៧ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី ២៨ទ្រង់ប្រទានពរដល់គេ ហើយមានព្រះបន្ទូលថា ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង ២៩ទ្រង់មានព្រះបន្ទូលថា មើល អញឲ្យគ្រប់ទាំងតិណជាតិមានគ្រាប់ពូជដែលដុះនៅលើផែនដី និងគ្រប់ទាំងរុក្ខជាតិទាំងឡាយដែលកើតផ្លែមានគ្រាប់ពូជ ទុកជាអាហារដល់ឯង ៣០ហើយអញក៏ឲ្យគ្រប់ទាំងតិណជាតិខ្ចីៗ ទុកជាអាហារដល់អស់ទាំងសត្វនៅលើដី សត្វហើរលើអាកាស និងសត្វលូនវារនៅដី ដែលមានជីវិតទាំងប៉ុន្មានដែរ នោះក៏មានដូច្នោះ ៣១រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៦។